ឯកឧត្តម អភិបាលខេត្តតាកែវ បន្តចុះចែកអំណោយដល់ពលរដ្ឋខ្វះខាត ចំនួន១០០គ្រួសារ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Tuesday, April 28, 2020

ឯកឧត្តម អភិបាលខេត្តតាកែវ បន្តចុះចែកអំណោយដល់ពលរដ្ឋខ្វះខាត ចំនួន១០០គ្រួសារ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ

ខេត្តតាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ព្រមទាំងមានការនិមន្តចូលរួមពី ព្រះមង្គលបញ្ញា​ សៅរ៍​ តារាវី​ ព្រះរាជាគណៈកិត្តិយស​ ឧត្តមទីប្រឹក្សាសម្ដេចអគ្គមហាសង្ឃរាជ​ ទេព​ វង្ស​ ទីប្រឹក្សាផ្ទាល់​ នៃក្រុមប្រឹក្សាជាតិភាសាខ្មែររាជបណ្ឌិតសភា​ នៃទីស្ដីគណៈរដ្ឋមន្រ្តី​ ទីប្រឹក្សាផ្ទាល់​ សម្ដេចព្រះសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ ឯកឧត្តមក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ព្រមទាំងមន្រ្តីរាជការសាលាស្រុក បានអញ្ជើញចូលរួមចែកអំណោយ ដល់ពលរដ្ឋខ្វះខាតចំនួន ១០០គ្រួសារ មកពីឃុំទាំង៧ និងអប់រំផ្សព្វផ្សាយ វិធានការទប់ស្កាត់ បង្ការ ជំងឺមេរោគ កូវីដ១៩ កុំឲ្យរីករាលដាលនៅសហគមន៍ នៅស្រុកត្រាំកក់ ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការអប់រំណែនាំ អំពីវិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ កុំអោយមានឆ្លងនៅសហគមន៍របស់យើង គឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩នេះ។ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានបន្ថែមទៀតថា ប្រសិនបងប្អូនទាំងអស់មានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ក្នុងនាមជាអណាព្យបាលត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ត្រូវធ្វើការដាក់ខ្លួនដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និត ស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ប្រសិនមានអាការៈសង្ស័យណាមួយត្រូវប្រញាប់ទាក់ទងមកមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមលេខ ១១៥។

អំណោយដែលបានប្រគល់ជូននាឱកាសនោះគឺជាអំណោយបានមកពីសប្បុរសជននានា ផ្ដល់ជូន រដ្ឋបាលខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគកូវីដ សម្រាប់ផ្ដល់ពលរដ្ឋរងគ្រោះដោយសារ ផលប៉ះពាល់ពីមេរោគកូវីដ។ ពលរដ្ឋខ្វះខាតចំនួន ១០០គ្រួសារ ទទួលបានក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម អំបិល១គីឡូ ប៊ីចេង១គីឡូ ទឹកត្រី១យួរ មី២៥កញ្ចប់ អាលកុល១ដប សាប៊ូ ២ដុំ និងក្រម៉ា ១ ផងដែរ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយបានមួយរយះពេលផងដែរ។

សូមបញ្ជាក់រហូតមកដល់ពេលនេះ ឯកឧត្តម​ អ៊ូច ភា អភិបាលខេត្តតាកែវ​ បានចុះធ្វើការចែកអំណោយ ដល់ពលរដ្ឋខ្វះខាតគ្រប់ក្រុងស្រុក ទាំង១០ នៃខេត្តតាកែវ សរុបចំនួន​ ៨០០គ្រួសារ មានដូចខាងក្រោម៖
ស្រុកកោះអណ្ដែត  ៦០គ្រួសារ        ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០
ស្រុកទ្រាំង             ៩០ គ្រួសារ       ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០
ស្រុកព្រៃកប្បាស    ៩០គ្រួសារ        ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០
ស្រុកសំរោង          ៩០គ្រួសារ         ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០
ស្រុកបាទី             ១០០គ្រួសារ       ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០
ក្រុងដូនកែវ           ៦០គ្រួសារ         ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០
ស្រុកអង្គរបូរី          ៦០គ្រួសារ        ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០
ស្រុកបូរីជលសារ    ៦០គ្រួសារ        ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០
ស្រុកគិរីវង់             ៩០គ្រួសារ        ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០
និងស្រុកត្រាំកក់     ១០០គ្រួសារ     ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ៕





No comments:

Post a Comment

Pages