ឯកអគ្គរាជទូតថៃ បាននាំយកថវិកាចំនួន ២ លានបាតប្រគល់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីចូលរួមចំណែកទប់ស្កាត់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Thursday, May 28, 2020

ឯកអគ្គរាជទូតថៃ បាននាំយកថវិកាចំនួន ២ លានបាតប្រគល់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីចូលរួមចំណែកទប់ស្កាត់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយទាន់ទៀតជាមួយលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា។ ក្នុងកិច្ចពិភាក្សាគ្នានេះ លោក ប៉ានយ៉ារ៉ាក់ ជាថ្មីម្ដងទៀតបានសម្តែងនូវការចូលរួមរំលែកមរណៈទុក្ខជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការបាត់បង់ម្ដាយក្មេក របស់លោកកន្លងមក។ លោកឯកអគ្គរាជទូតថៃ ក៏បានសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុតជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដាក់វិធានការយ៉ាងប្រាកដនិយមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ អំពីការរាតត្បាតនៅកម្ពុជា។

លោកឯកអគ្គរាជទូតថៃ បានគូសបញ្ជាក់ថា វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះគឺមានប្រសិទ្ធភាពខ្ពស់ហើយទប់ស្កាត់មិនឲ្យមានការរាតត្បាតនៅកម្ពុជាទៀតឡើយ។ លោកក៏បានរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីសកម្មភាពរបស់ស្ថានទូតថៃប្រចាំកម្ពុជា គឺលោកបានធ្វើការជាមួយក្រុមហ៊ុនថៃនៅកម្ពុជាដោយបានធ្វើការណែនាំធ្វើយ៉ាងណាមិនឲ្យក្រុមហ៊ុនទាំងនោះតម្លើងតម្លៃទំនិញនៅកម្ពុជានិងបានធ្វើការជាមួយក្រុមហ៊ុនទាំងនោះឲ្យមានការចែករំលែកនូវសម្ភារៈដូចជាសម្ភារៈអនាម័យមានម៉ាក់ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។ ជាពិសេសលោក ក៏បានណែនាំនិងធ្វើការជាមួយក្រុមហ៊ុនថៃទាំងអស់ដោយធ្វើយ៉ាងណាគោរពនូវរាល់វិធានការទាំងឡាយរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញមក។ ស្ថិតក្នុងឱកាសខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ លោក ក៏បាននាំយកថវិកាចំនួន ២ លានបាត ដើម្បីប្រគល់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការចូលរួមចំណែកទប់ស្កាត់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូតថៃដែលបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធមាតាក្មេករបស់លោកដល់គេហដ្ឋាន ហើយនាំនូវសារសួរសុខទុក្ខ និងការចែករំលែកទុក្ខពីលោកនាយករដ្ឋមន្រ្តីថៃផងដែរ។ លោក ក៏បានអរគុណចំពោះការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19 របស់ស្ថានទូតថៃ ដូចជារបស់ប្រជាជនថៃ និងរាជរដ្ឋាភិបាលថៃជាមួយកម្ពុជា។ លោកបានមានប្រសាសន៍ថា វាជាការឆ្លុះបញ្ចាំងនៃការសាមគ្គីភាពរវាងកម្ពុជា និងថៃ ក៏ដូចជាប្រជាជនកម្ពុជានិងប្រជាជនថៃផងដែរ ហើយលោក បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលរាជរដ្ឋាភិបាលថៃបានដាក់ចេញក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ វិធានការទាំងឡាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ គឺមានភាពប្រាកដនិយម។ ក្នុងន័យនេះលោកមានប្រសាសន៍ថា ជាសក្ខីភាពប្រជាជនកម្ពុជាបានឆ្លងកាត់ព្រំប្រទល់ថៃមកកម្ពុជាយើងកន្លងមកជាង ៩ម៉ឺននាក់ ហើយអ្នកទាំងនោះគ្មានជនណាម្នាក់ឆ្លង ឬនាំយកជំងឺកូវីដ១៩មកកម្ពុជាឡើយដែលនេះជាការឆ្លុះបញ្ចាំងមួយថាប្រទេសថៃមិនមែនជាប្រទេសចម្លងមេរោគកូវីដនោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រាបជូន ឯកអគ្គរាជទូតថៃផងដែរថា ថ្មីៗនេះអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានអំពាវនាវនិងធ្វើការជាមួយនឹងប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃធ្វើយ៉ាងណាឱ្យអនុវត្តឲ្យខានតែបានតាមគោលការណ៍របស់រាជរដ្ឋាភិបាលថៃដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ជាមួយគ្នានេះ លោក ក៏បានជម្រាប់ជូនឯកអគ្គរាជទូតថៃដែរថា ថ្ងៃនេះកម្ពុជាបានសម្រេចឲ្យប្រជាជនកម្ពុជាដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយដែលវិលត្រឡប់មកកាន់កម្ពុជាវិញគឺមិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពពីប្រទេសដែលប្រជាជនកម្ពុជាចេញដំណើរនោះមកទេ ប៉ុន្តែត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងក្រសួងសុខាភិបាលនៅពេលមកដល់កម្ពុជាវិញ។ លោកក៏បានថ្លែងអំណរគុណសារជាថ្មីចំពោះការចូលរួមរបស់រាជរដ្ឋាភិបាលថៃ ប្រជាជនថៃ និងស្ថានទូតថៃហើយលោកបានមានប្រសាសន៍ផងដែរថា នៅពេលនេះគឺជាពេលវេលាដែលយើងត្រូវរួមគ្នាសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ ដែលជាសង្គ្រាមជាមួយនឹងសត្រូវគ្មានស្រមោល៕



No comments:

Post a Comment

Pages