បាត់ដំបង៖ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយអភិបាលរងខេត្ត និងលោកទីប្រឹក្សាឧបនាយករដ្ឋមន្រ្ដី ស ខេង ប្រធានមន្ទីរ អាជ្ញាធរមូលដ្ឋាន និងអ្នកមុខអ្នកមួយចំនួនទៀត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យការជីកបឹងមួយកន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ក្រសួងមហាផ្ទៃ សម្រាប់ស្តុបទឹកប្រើប្រាស់នារដូវប្រាំង នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ បានលើកឡើងថា នៅក្នុងស្រុកគាស់ក្រឡ មានឃុំចំនួន៦ ក្នុងនោះមានឃុំចំនួន៥ ឲ្យតែដល់រដូវប្រាំង តែងរងនូវការខ្វះខាតទឹកប្រើប្រាស់ ក្នុងនោះមានឃុំហប់ ឃុំឆ្នាមាន់ ឃុំដូនបា ឃុំគាស់ក្រឡ និងឃុំព្រះផុស ដោយឃុំចំណោមនេះ ក៏មានឃុំពិបាកក្នុងការនាំទឹកតាមប្រព័ន្ធប្រឡាយទឹន ដើម្បីឲ្យពលរដ្ឋបានប្រើប្រាស់ផងដែរ គឺត្រូវតែបូមបន្ត ព្រោះតែឃុំទាំងនោះ នៅក្នុងតំបន់មានទួលខ្ពស់។
លោកអភិបាលស្រុកបន្តថា បញ្ហាខ្វះខាតទឹកនេះ ក្រៅពីការនាំទឹកពីប្រភពផ្សេងៗ នៅតាមឃុំមួយចំនួន ក៏មានជីកស្រះធំៗបន្ថែម ដើម្បីមានទឹកទុកឲ្យពលរដ្ឋបានប្រើប្រាស់ ជាក់ស្ដែងលោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ជាអំណោយជីកបឹងសម្រាប់ស្តុបទឹកដែលមានទទឹង ១០០ម៉ែត្រ បណ្ដោយ២០០ម៉ែត្រ ស្ថិតនៅឃុំព្រះផុស ដែលទឹកស្រះនេះនឹងអាចជួយឲ្យពលរដ្ឋចំនួន ២ឃុំ ស្នើនឹង៧ភូមិ មានទឹកប្រើប្រាស់។
លោក ម៉ៅ សុចាន់ បានបញ្ជាក់បន្ថែមទៀតថា ប្រជាពលរដ្ឋនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រមាណ៥០០០គ្រួសារ គិតជាជាមនុស្សរាយចំនួនជាង២០០០០នាក់ នៅក្នុងរដូវប្រាំងជារៀងរាល់ឆ្នាំ តែងតែជួបនូវការប្រឈមខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយពួកគេក៏ត្រូវបានអាជ្ញាធរដឹកទឹកទៅចែក និងអន្តរាគមន៍នាំយកទឹកពីប្រភពផ្សេងៗបូមឲ្យបានប្រើប្រាស់ផងដែរ ។
ឆ្លៀតក្នុងឱកាសចុះពិនិត្យការបឹងអំណោយលោកឧបនាយករដ្ឋមន្រ្ដី លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញអាជ្ញាធរស្រុកគាស់ក្រឡ ពន្លឿនការជីកស្រះទឹកនេះឲ្យឆាប់បានចប់រួចរាល់ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ឆាប់បានប្រើប្រាស់ ប្រចាំថ្ងៃ កុំឲ្យពួកគាត់មានការលំបាកដូចសព្វដង។
គួរបញ្ជាក់ថា ស្រុកគាស់ក្រឡ ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង១៤ របស់ខេត្តបាត់ដំបង តែងជួបនូវបញ្ហាគ្រោះរាំងស្ងួតជាងគេ ធ្វើឲ្យពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ដំណាំស្រូវ និងដំណាំកសិកម្មផ្សេងៗ តែងជួបបញ្ហាខ្វះទឹកស្រោចស្រព ពីព្រោះស្រុកមួយនេះ ស្ថិតនៅខ្ពងរាបខ្ពស់មានភ្នំច្រើន ប៉ុន្តែនៅដើមឆ្នាំនេះហាក់មានអំណោយផលគ្រាន់បើ ដោយទទួលបានដំណក់ទឹកភ្លៀងជាបន្តបន្ទាប់ តាមប្រឡយទឹក និងស្រះទឹកមួយចំនួនមានទឹកពេញ អាចឲ្យពលរដ្ឋបានប្រើប្រាស់គ្រប់គ្រាន់ ខណៈដែលសឹងតែរាល់ឆ្នាំ គឺមានការខ្វះខាតទឹក ត្រូវបានអាជ្ញាធរដឹកទឹកទៅចែកតាមផ្ទះ ។
បន្ទាប់ពីចុះពិនិត្យការជីកបឹងរួច លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរចុះពិនិត្យការអនុវត្តការងាររបស់ក្រុមការងារវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យដីវិវាទ ដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយបញ្ចប់វិវាទដីធ្លី នៅឃុំឆ្នាល់មាន់ និងឃុំព្រះផុស និងបានផ្តល់គ្រឿងឧបរិភោគ បរិភោគមួយចំនួន ព្រមទាំងថវិកាផងដែរ ៕
Tuesday, May 12, 2020
Home
ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្រ្ដី ស ខេង សម្រេចផ្តល់ជាអំណោយបឹងដ៏ធំមួយសម្រាប់ស្តុបទឹកប្រើប្រាស់ក្នុងរដូវប្រាំងនៅស្រុកគាស់ក្រឡ
ឧបនាយករដ្ឋមន្រ្ដី ស ខេង សម្រេចផ្តល់ជាអំណោយបឹងដ៏ធំមួយសម្រាប់ស្តុបទឹកប្រើប្រាស់ក្នុងរដូវប្រាំងនៅស្រុកគាស់ក្រឡ
Tags
# ព័ត៌មានជាតិ
Share This
First Report
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment