កំពង់ឆ្នាំង៖ រូបសំណាក សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ត្រូវបានដង្ហែរយកមកតម្កល់នៅក្នុងបុស្បុកសួនច្បារថ្មី បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។
ពិធីដង្ហែរូបសំណាក សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាតត្រូវធ្វើឡើងតាមលំអាននៃព្រះពុទ្ធសាសនា ដោយបានធ្វើពិធីដង្ហែរពីគេហដ្ឋានឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងលោកជំទាវ ឆ្ពោះមកតម្កល់នៅក្នុងបុស្បុកសួនច្បារថ្មី ដែលប្រសិទ្ធនាមថា សួនសម្តេចព្រះសង្ឃរាជជួនណាត ស្ថិតមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រសង្កាត់ ខ្សាមក្រុងកំពង់ឆ្នាំង។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ការដាក់រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត នៅលើសួរច្បារថ្មីនេះមុខសាលានេះ គឺជានិមិត្តរូប ទុកឲ្យយុវជនជំនាន់ក្រោយ បានស្គាល់បុព្វបុរស ដែលមានគុណបំណាច់ ចំពោះប្រទេសជាតិ និងជាការលើកកំពស់ វិស័យព្រះពុទ្ធសាសនា។ សម្តេចព្រះសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ព្រះអង្គគឺជាអ្នកប្រាជ្ញ ខាងអក្សរសាស្ត្រខ្មែរ បានបង្កើតវចនានុក្រម អក្សរសាស្ត្រ ខ្មែរទុកសម្រាប់កូនចៅជំនាន់ក្រោយបាន រៀនសូត្រផងដែរ។
សួនច្បារថ្មីសម្តេចព្រះសង្ឃរាជជួនណាតនេះត្រូវបានចាប់ដំណើការសាងសង់កាលពីខែសីហា ឆ្នាំ២០១៩ ដែលបច្ចុប្បន្នបានដំណើរសាងសង់ជិតរួចរាល់ហើយ គ្រោងនឹងដាក់សម្ពោធជាផ្លូវការនាពេលខាងមុខនេះ។ ហើយសួនច្បារថ្មីនេះក្រោយពេលសាងសង់រួចនឹងក្លាយជារម្យនីយដ្ឋានដ៍ទាក់ទាញ ពីសំណាក់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង និង ពីសំណាក់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង៕
No comments:
Post a Comment