ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចែកអំណោយដល់គ្រួសារក្រីក្រដោយសារទឹកជំនន់ ចំនួន១៧៥៤គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកឯកភ្នំពេលកន្លងទៅផងដែរ។ អំណោយដែលជាគ្រឿងឧបភោគបរិភោគនេះ គឺជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ឆឺជី(Tzu Chi )ហើយព្រមទាំងមានការសហការរៀបចំ និងសម្របសម្រួលដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ក្រុមការងារសិស្ស និស្សិត អាហាររូបករណ៍សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តបាត់ដំបង-បន្ទាយមានជ័យ (អ.ម.ត) និង ស.ស.យ.ក ស្រុកឯកភ្នំ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយសារឆ្នាំ២០២០កន្លងមកថ្មីនេះ មានបញ្ហាប្រឈមជាច្រើន ដែលបញ្ហាចម្បងនោះគឺការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានចេញវិធានការទប់ស្កាត់ការរីករាលក្នុងសហគមន៍ ហើយក្រោយមកគឺរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងពីផ្នែកខាងលើខ្លាំង បណ្ដាលឲ្យជន់លិច ហើយបានធ្វើឲ្យប៉ះពាល់ដំណាំកសិកម្ម ផ្ទះសម្បែងប្រជាពលរដ្ឋ ព្រមទាំងបង្អាក់ការប្របកអាជីវកម្មប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមបានបន្តទៀតថា គិតមកដល់ពេលនេះប្រជាពលរដ្ឋរងគ្រោះជាង១៣ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ បានទទួលអំណោយពីរដ្ឋបាលខេត្តបាត់ដំបង និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះ ក្នុងការដោះគ្រាលំបាកបានមួយរយៈពេលខ្លី។
ឯកឧត្តមបានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការមូលនិធិសប្បុរសធម៌ឆឺជី ដែលបានរៀបចំការចែកជូនជាអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់កន្លងមក ដែលនេះបានបង្ហាញពីការស្រឡាញ់គ្នាទៅវិញទៅមក មិនប្រកាន់ការរើសអើងពូជសាសន៍ ពណ៌សម្បុរភេទអ្វីឡើយ គឺជួយគ្នាដោយចិត្តនឹងចិត្តក្នុងនាមជាមនុស្សធម៌ ជាមនុស្សដែលរស់នៅក្នុងសកលលោករួមគ្នាផងដែរ។
ឯកឧត្តម ងួន រតនៈ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋបន្តធ្វើការប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសការរក្សាអនាម័យក្នុងសម័យកាលនៃជម្ងឺកូវីដ-១៩នេះ ដោយត្រូវធ្វើយ៉ាងណាចូលរួមទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ និងអំពាវនាវដល់ពលករចំណាកស្រុកនៅប្រទេសថៃ សូមព្យាយាមនៅក្នុងប្រទេសថៃកុំទាន់មកចូលស្រុកវិញក្នុងកំឡុងពេលនេះ ព្រោះប្រទេសថៃកំពុងជាប់ភារកិច្ចក្នុងការទប់ស្កាត់ជាសហគមន៍ហើយយើងក៏ត្រូវចូលរួមទប់ស្កាត់ផងដែរ ដោយការស្នាក់នៅក្នុងផ្ទះនៃប្រទេសថៃ ហើយបើសិនជាមានបញ្ហាឆ្លង ក៏ភាគីខាងប្រទេសថៃធ្វើការព្យាបាលជូនដែរ។
ជាពិសេសនៅពេលប្រជាពលករចំណាកស្រុកបានត្រឡប់មកវិញហើយ សូមធ្វើការស្ដាប់តាមការណែនាំរបស់អាជ្ញាធរក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីកន្លែងដែលអាជ្ញាធរបានរៀបចំទុក ហើយសូមកុំឲ្យមានការខឹងសម្បារនឹងអាជ្ញាធរព្រោះដើម្បីឲ្យប្រទេសនេះគ្មានការរីករាលដាលក្នុងសហគមន៍នៃជម្ងឺនេះទេ ទាមទារឲ្យមានការចូលរួមដោយប្រជាពលរដ្ឋទើបយើងជោគជ័យក្នុងការទប់ស្កាត់ជម្ងឺនេះបាន ហើយសូមរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរបើដឹងថាមានសាច់ញាតិ ឬអ្នកជិតខាងបានឆ្លងដែនតាមច្រកខុសច្បាប់នានា ដោយមិនបានធ្វើចត្តាឡីស័ក សូមរាយការណ៍ និងលើកទឹកចិត្តពួកគាត់ឲ្យចូលរួមធ្វើចត្តាឡីស័កទាំងអស់គ្នា៕
No comments:
Post a Comment