សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបពិភាក្សាការងារ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Thursday, February 4, 2021

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបពិភាក្សាការងារ

នារសៀលថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សារការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្នុងនាមកម្ពុជា សម្តេចក្រឡាហោម ស ខេង  សូមស្វាគមន៍ និងអរគុណចំពោះដំណើរការនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំងពីរក្នុងពេលកន្លងមក និងបន្តដល់បច្ចុប្បន្ន ជាពិសេសក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលភាគីអាល្លឺម៉ងបានជួយគាំទ្រលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយ សម្តេចក្រឡាហោម សង្ឃឹមជឿជាក់ថា អាល្លឺម៉ង់នឹងជួយបន្តគាំទ្រលើការងារនេះបន្តទៀត។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត បានបន្តថា ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានឆ្លើយតបថា ភាគីអាល្លឺម៉ងមិនត្រឹមតែបន្តគាំទ្រនោះទេ ប៉ុន្តែនឹងបន្តពង្រីកកិច្ចសហប្រត្តិបត្តិការលើវិស័យជាច្រើនបន្ថែមទៀតផងដែរ ហើយសម្រាប់ជំនួបនាពេលនេះ គឺក្នុងគោលបំណង០២ ដែលទី១គឺចង់ដឹងអំពីវឌ្ឍនៈភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា និងបំណងទី២ គឺចង់ផ្តួចផ្តើមគំនិតដល់ការងារគាំទ្រលើវិស័យនគរបាលនៅសហគមន៍។


ឆ្លើយតបទៅនឹងវឌ្ឍនៈភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដល់ភាគីអាល្លឺម៉ង់ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់នូវផែនការជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី១ ហើយរាជរដ្ឋាភិបាលក៏កំពុងតែបន្តរៀបចំផែនការដំណាក់កាលទី២សម្រាប់រយៈពេល១០ ឆ្នាំបន្តទៀតផងដែរ។ តាមរយៈការងារនេះសម្រេចបាននូវសមិទ្ធិផលធំៗមួយចំនួនរួមមាន ការស្រុះស្រួលផ្ទៃក្នុងរវាងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការយល់ដឹងកាន់តែច្រើនពីសាធារណៈជន ដែលនេះគឺជាទុនមួយដ៏ធំក្នុងការគាំទ្រដល់កំណែរទម្រង់នេះឱ្យមានវឌ្ឍនៈភាពទៅមុខ។ សមិទ្ធិផលធំមួយវិញទៀតគឺការរៀបចំនូវលិខិតបទដ្ឋានផ្សេងៗសម្រាប់ដំណើរការកំណែទម្រង់នេះ ដែលមានដូចជាការរៀបចំច្បាប់ ដំណើរការនៃការៀបចំការបោះឆ្នោត ឃុំ-សង្កាត់ ព្រមទាំងការផ្ទេរធនធាន និងសិទ្ធិអំណាចទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ ហើយក្នុងនោះ មានវិស័យ២ដែលបានផ្ទេរធនធាន និងសិទ្ធិអំណាចបានច្រើនជាងគេ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ហើយការងារបន្ត រាជរដ្ឋាភិបាលនឹងពិនិត្យទៅលើវិស័យអទិភាពផ្សេងៗទៀតដើម្បីបន្តផេ្ទរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យរង បានអោយដឹងទៀតថា ចាប់ពីឆ្នាំ២០២១នេះតទៅ អ្វីដែលរាជរដ្ឋាភិបាលកម្ពុជានឹងផ្តោតសំខាន់ជាងគេបំផុត គឺលើការបន្តផ្ទេរធនធាន និងសិទ្ធិអំណាចទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធនធានទាំងនោះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តរាល់សិទ្ធិអំណាច រាល់ការងារដែលបានផ្តល់ឲ្យប្រកបដោយប្រសិទ្ធភាព។


គោលបំណងទី២ គឺភាគីអាល្លឺម៉ង់មានគម្រោងគាំទ្រការងារនគរបាលនៅសហគមន៍ ដោយការងារនេះផ្តោតសំខាន់ទៅលើ នគរបាល ឃុំ-សង្កាត់ ក្នុងគោលដៅលើកកម្ពស់នូវទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយ និងនគរបាលមូលដ្ឋាន ព្រោះនគរបាលមូលដ្ឋាន ស្ថិតនៅជិតប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងការអនុវត្តតួនាទីភារៈកិច្ច និងរបៀបរបបនៃទំនាក់ទំនង ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងជាមួយមន្ត្រីនគរបាលនៅមូលដ្ឋាន។ ជាមួយគ្នានេះ ភាគីអាល្លឺម៉ងក៏នឹងមានគម្រោងជាបន្តបន្ទាប់ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តការលើផ្នែកនេះ និងផ្នែកពាក់ព័ន្ធដទៃទៀតរវាងភាគីអាល្លឺម៉ង និងរាជរដ្ឋាភិបាលកម្ពុជា។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត បានបញ្ជាក់បន្ថែមថាចំពោះគំនិតផ្តួចផ្តើមលើគម្រោងការងារនគរបាល នៅសហគមន៍នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសម្តេចក្រឡាហោម បានសម្តែងនូវការស្វាគមន៍ចំពោះការងារនេះដែលអ្វីទាំងនេះពិតជាស្របទៅនឹងរាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើបច្ចុប្បន្ន ដោយរាជរដ្ឋាភិបាលកម្ពុជាទើបតែធ្វើការកែលំអរគោលនយោបាលភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ហើយគោលនយោបាយនេះទៀតសោត នគរបាលគឺជាតួអង្គស្នូលមួយក្នុងការអនុវត្តគោលនយោបាយនេះ។


បន្ថែមលើសពីនេះ ដើម្បីគាំទ្រលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងគម្រោងការងារនគរបាលនៅសហគមន៍ សម្តេចក្រឡាហោម និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានធ្វើការឯកភាពលើដំណើរទស្សនកិច្ចរួមគ្នាមួយទៅកាន់ទីតាំងមួយចំនួនដែលបានអនុវត្តការងារកំណែទម្រង់ការផ្ទេរធនធាន ផ្ទេរសិទ្ធិអំណាច ដើម្បីទៅពិនិត្យជាក់ស្តែងដែលដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យមន្ត្រីនៅមូលដ្ឋាន យល់កាន់តែច្បាស់នូវអ្វីដែលមានភាពត្រឹមត្រូវ និងមានគំរូច្បាស់លាស់ដូចដែលភាគីអាល្លឺម៉ងធ្លាប់បានអនុវត្តជោគជ័យរួចមកហើយ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏នឹងធ្វើដំណើរទស្សនកិច្ចរួមគ្នាទៅកាន់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលភូមិភាគមួយចំនួនដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមអំពីការបណ្តុះបណ្តាលនគបាល ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនគរបាល និងសហគមន៍ឆ្លើយតបបានសមស្របតាមតម្រូវការស្ថានភាពនាពេលបច្ចុប្បន្ន៕






 

No comments:

Post a Comment

Pages