ក្រសួងមហាផ្ទៃ បន្តពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈកិច្ចសហប្រតិបត្តិការរបស់JICA ដើម្បីរួមចំណែកក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Wednesday, February 17, 2021

ក្រសួងមហាផ្ទៃ បន្តពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈកិច្ចសហប្រតិបត្តិការរបស់JICA ដើម្បីរួមចំណែកក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បន្តកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹង ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ជាមួយអង្គការ JICA ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយនេះក៏ជាការរួមចំណែកក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្រោយជំនួបពិភាក្សាការងាររបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោកស្រីKAMEI Haruko ប្រធានតំណាងថ្មីនៃJICA នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលធនធានមនុស្ស លោកស្រីប្រធានតំណាងថ្មី បានឱ្យដឹងដែរថា JICAកំពុងតែសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិ និងក្រោមជាតិ ដោយឡែកចំពោះគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លោកស្រីយល់ឃើញថា ការជួយបណ្តុះបណ្តាលសមត្ថភាពពិតជាមានសារៈសំខាន់ណាស់ដល់គោលនយោបាយនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ។


ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្ថែមថា សម្តេចក្រឡាហោម ក៏បានលើកឡើងពីកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការថា បើទោះបីជាជួបបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តខិតខំប្រឹងប្រែង ដែលនេះបង្ហាញឱ្យឃើញតាមរយៈសមទ្ធិផលដូចជា ការរៀបចំការបោះឆ្នោត និងលទ្ធផលនានាដែលសម្រេចបានក្នុងកម្មវិធីជាតិរយៈពេល១០ឆ្នាំកន្កងទៅ។ សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងដែរថា នៅពេលនេះ កម្មវិធីជាតិរយៈពេល១០ឆ្នាំនៃកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការគឺបានបញ្ចប់ហើយ ដោយរាជរដ្ឋាភិបាលកំពុងរៀបចំកម្មវិធី១០ឆ្នាំបន្តទៀតចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ដែលផ្តោតសំខាន់លើចំនុចពីរ៖ ទី១ គឺការផ្ទេរសិទ្ធិអំណាច និងធនធានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងទី២គឺការលើកកម្ពស់សមត្ថភាពធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ បច្ចុប្បន្នក្រសួងមហាផ្ទៃក៏បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់តាមរយៈការសហការជាមួយដៃគូរអភិវឌ្ឍន៍នានាក្នុងការសាងសង់សាលាបណ្តុះបណ្តាលដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យរង បានអោយដឹងទៀតថា លោកស្រីKAMEI Haruko ប្រធានតំណាងថ្មីនៃJICAបានបញ្ជាក់ដែរថា បច្ចុប្បន្នសហការីរបស់លោកស្រីកំពុងតែសហការជាមួយអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ លើកម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយលោកស្រីក៏សូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់សម្តេចក្រឡាហោម ក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីបម្រើដល់ការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត ក៏បានបញ្ជាក់បន្ថែមផងដែរថា សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការជឿជាក់ថានៅក្នុងអណត្តិរបស់លោកស្រីKAMEI Haruko ប្រធានតំណាងថ្មីនៃJICAកម្ពុជានឹងជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាក្រសួងមហាផ្ទៃ និងJICAឱ្យកាន់តែល្អប្រសើរឡើង៕


 

No comments:

Post a Comment

Pages