រដ្ឋបាលខេត្តព្រះវិហារ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ នៅទូទាំងខេត្ត - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Tuesday, March 2, 2021

រដ្ឋបាលខេត្តព្រះវិហារ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ នៅទូទាំងខេត្ត

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុវណ្ណ  អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាកាកងកម្លាំងទាំងបីក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ អភិបាលរងខេត្ត មន្ត្រីសុខាភិបាលខេត្ត 

និងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។                                                                                            


នាឱកាសនេះ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត  មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តព្រះវិហារយើងនាថ្ងៃនេះ បានទទួលបានវ៉ាក់សាំងលើកដំបូង ដែឺលនឹងចាក់ជូនដល់មន្ត្រីសុខាភិបាលខេត្ត ជាមន្ត្រីនគរបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត មួយចំនួន ដោយឥតគិតថ្លៃ ដែលទាំងនេះស្តែងឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ពីសុខុមាលភាពរបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារក៏ដូចទូទាំងប្រទេស។


ឯកឧត្តមអភិបាលបានបន្តថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងជូនចំពោះប្រទេសជាមិត្តនានា ដូចជា ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសជាមិត្តផ្សេងៗទៀត និងសប្បុរសជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយផ្ដល់នូវ វ៉ាក់សាំងកូវីដ និងថវិកាឧបត្ថម្ភទិញវ៉ាក់សាំង ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។                                                                                                                   


ឯកឧត្តមបានបន្តទៀតថា វ៉ាក់សាំងកូវីដ ដែលយើងនឹងគ្រោងចាក់ នាពេលនេះ គឺប្រទេសផលិត មហាមិត្តចិន បានប្រើប្រាស់រាប់សិបលានដូសរួចហើយ ព្រមទាំងប្រទេសនានាលើសកលលោក ក៏បានប្រើប្រាស់រួចរាល់ហើយផងដែរ។ ចំណែកព្រះរាជាណាចក្រកម្ពុជាយើងវិញ គឺប្រើប្រាស់ក្រោយគេទេ ហើយបើគិតមកដល់ថ្ងៃនេះ ខ្មែរយើងដែលបានទទួលការចាក់វ៉ាក់សាំង មានរាប់ពាន់នាក់ហើយ ដែលជាថ្នាក់ដឹកនាំសំខាន់ៗ ដើម្បីសបញ្ជាក់ឱ្យឃើញអំពីគម្រូវីរៈភាពដឹកនាំ និងបង្ហាញអំពីភាពជឿជាក់លើប្រសិទ្ធភាពរបស់វ៉ាក់សាំង ហើយប្រមុខរាជរដ្ឋាភិបាលរបស់យើង សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏មានផែនការគ្រោងនឹងទទួលចាក់វ៉ាក់សាំង នៅថ្ងៃទី០៤ មីនា ខានស្អែកនេះផងដែរ។ឯកឧត្តមអភិបាលក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលខេត្ត កម្លាំងទាំងបីខេត្ត អាជ្ញាធរភូមិ-ឃុំ-សង្កាត់-ស្រុក-ក្រុង-ខេត្ត និងមន្ត្រីរាជការទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ទទួលបានជោគជ័យ ដោយបានព្យាបាលអ្នកជំងឺកូវីដ ០២នាក់ បានជាសះស្បើយ និងបានអប់រំ ណែនាំ ការពារអ្នកធ្វើចត្តាឡីស័ក រាប់ពាន់នាក់ផងដែរ។ ហើយចំពោះមុខ គិតត្រឹមថ្ងៃទី០១ ខែមីនា សម្រាប់ខេត្តព្រះវិហារយើង មានអ្នកកំពុងធ្វើចត្តាឡីស័កសរុប ចំនួន ២៧នាក់។                                                                                                                                                        


ជាចុងក្រោុយឯកឧត្តមអភិបាលខេត្តផ្ដាំផ្ញើ ដល់អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយនេះ ត្រូវថែរក្សាសុខភាព តាមការណែនាំរបស់គ្រូពេទ្យ និងត្រូវត្រឡប់មកចាក់វ៉ាក់សាំង លើកទី២ វិញ ឱ្យបានទាន់ពេលវេលាកំណត់។ និងត្រូវចងចាំថា វ៉ាក់សាំង គឺមិនមានប្រសិទ្ធភាព ១០០% នោះទេ តែវាអាចកាត់បន្ថយឱកាសនៃការឆ្លងជំងឺកូវីដ ឱ្យនៅតិចបំផុត ហេតុដូច្នេះ ចូរយើងត្រូវតែរក្សាការប្រុងប្រយ័ត្ន និងត្រូវតែអនុវត្តគោលការណ៍ ៣កុំ ៣ការពារ ដដែល៕






 

No comments:

Post a Comment

Pages