ស្ថានទូតចិនប្រចាំកម្ពុជា ប្រគល់សម្ភារៈមួយចំនួនដល់នគរបាលជាតិកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុស COVID-19 - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Tuesday, March 24, 2020

ស្ថានទូតចិនប្រចាំកម្ពុជា ប្រគល់សម្ភារៈមួយចំនួនដល់នគរបាលជាតិកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុស COVID-19

ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជណាចក្រកម្ពុជា បានប្រគល់សំលៀកបំពាក់ និងស្រោមដៃពេទ្យជាច្រើន ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សំរាប់ប្រើប្រាស់ជាប្រយោជន៍ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុស COVID-19។

ពិធីប្រគល់ទទួលធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០នេះ នៅស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឆាង ភីង មន្ត្រីទំនាក់ទំនងការងារផ្នែកនគរបាលអមស្ថានទូតចិនប្រចាំកម្ពុជា តំណាងអោយ ឯកឧត្តម WANG WEN TIAN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកនូវលិខិតថ្លែងអំណរគុណរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ភាគីចិន ដែលមានខ្លឹមសារថា៖ ស្ថិតក្នុងស្ថានភាពដែលពិភពលោកទាំងមូលបាននឹងកំពុងធ្វើសង្គា្រមប្រឆាំងនឹងវីរុស COVID-19នោះ ពិនិត្យឃើញថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្តែងនូវកាយវិការឈានមុខជាគំរូរបស់ពិភពលោក ដោយបានផ្តល់នូវជំនួយមនុស្សធម៌ ឧបត្ថម្ភគាំទ្រទាំងអ្នកបច្ចេកទេសវេជ្ជសាស្ត្រ ទាំងឧបករណ៍សម្ភារៈ បរិក្ខាបចេ្ចកទេស ជួយដល់បណ្តាប្រទេសដែលកំពុងតែរងគ្រោះដោយសារការវាយប្រហារនៃវីរុស COVID-19 ដែលក្នុងនោះក៏មានព្រះរាជណាចក្រកម្ពុជាផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមថ្លែងអំណរគុណដល់ ឯកឧត្តម WANG WEN TIAN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងរដ្ឋាភិបាលចិន ដែលជានិច្ចកាលតែងតែបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់ប្រជាជនកម្ពុជា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។

គួរបញ្ជាក់ថា សម្ភារៈដែលភាគីចិនប្រគល់ដល់នគរបាលកម្ពុជាសំរាប់ប្រើប្រាស់ជាប្រយោជន៍ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុស COVID-19 រួមមាន៖ សម្លៀកបំពាក់សំរាប់ការពារការចម្លងវីរុស COVID-19 ចំនួន២០០កំប្លេរ និងស្រោមដៃចំនួន៥០០គូ ផងដែរ។

សូមជម្រាបដែរថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រុមគ្រូពេទ្យជំនាញរបស់ចិន ចំនួន៧នាក់ ដែលមានបទពិសោធន៍ខ្ពស់ក្នុងការព្យាបាលកូវីដ១៩ បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការព្យាបាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ក្រុមគ្រូពេទ្យចិនដែលមកកម្ពុជានេះ មិនមែនមកតែមនុស្សនោះទេ ពួកគេព្រមទាំងបាននាំមកនូវសម្ភារៈបរិក្ខាពេទ្យមកជាមួយផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺនៅគ្រប់សម្ភារៈបរិក្ខាពេទ្យចិនទាំងអស់ បានបំពាក់ដោយទង់ជាតិកម្ពុជា-ចិន ជាមួយនឹងពាក្យស្លោកថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ



No comments:

Post a Comment

Pages