ពលរដ្ឋ៨២នាក់បានបញ្ចប់ការធ្វើចត្តាឡីស័កដាក់ដាច់ ដោយ ឡែករយៈពេល១៤ថ្ងៃ និងត្រូវបានអនុញ្ញាតឲ្យ ទៅលំនៅដ្ឋានខ្លួនវិញ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Thursday, April 23, 2020

ពលរដ្ឋ៨២នាក់បានបញ្ចប់ការធ្វើចត្តាឡីស័កដាក់ដាច់ ដោយ ឡែករយៈពេល១៤ថ្ងៃ និងត្រូវបានអនុញ្ញាតឲ្យ ទៅលំនៅដ្ឋានខ្លួនវិញ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ លោកស្រី ម៉ននី រងី្ស អភិបាលស្រុក និងជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ស្រុកក្រឡាញ់ រួមទាំងអស់លោក លោកស្រី សមាជិកអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ស្រុក បានចុះជួបសំណេះសំណាល ធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ដាក់ឲ្យដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ប្រកបដោយជោគជ័យ និងត្រូវបានវិលត្រឡប់ទៅកាន់ភូមិដ្ឋាន ជួបជុំក្រុមគ្រួសាររបស់ខ្លួន។

បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្នុង និងក្រៅប្រទេស ចំនួន៨២នាក់ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក ការដាក់ឲ្យដាច់ដោយឡែករយៈពេល១៤ថ្ងៃ ប្រកបដោយជោគជ័យ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយបានធ្វើការពិនិត្យជាប្រចាំទៅលើសុខភាពរបស់បងប្អូន ឃើញថាមានសុខភាពល្អធម្មតា ព្រមទាំងកំដៅក្នុងខ្លួនរបស់បងប្អូនគឺល្អ មិនមានករណីណាមួយកើតឡើងគួឲ្យព្រួយបារម្ភឡើយ ។

មានប្រសាសន៍សំណេះសំណាលនោះ លោកស្រី ម៉ននី រងី្ស បានឲ្យដឹងថា ប្រជាពលរដ្ឋដែលចេញទៅធ្វើការនៅក្រៅ ប្រទេសទូទាំងស្រុកក្រឡាញ់ សរុប១២ពាន់៧៩នាក់ និង បានវិលមកវិញចាប់ពីថ្ងៃទី១០ មីនា មកដល់បច្ចុប្បន្នមាន ចំនួន២ពាន់៩៣៦នាក់ ក្នុងនោះអ្នកដែលបានចូលមកមណ្ឌលធ្វើចត្តាឡីស័ក នៃវិទ្យាល័យ ក្រឡាញ់មានចំនួន ២២០នាក់ និងនៅតែបន្តចូលមកជាបន្ត បន្ទាប់ ហើយបងប្អូនដែលបានអនុវត្ត ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក ការដាក់ឲ្យដាច់ដោយឡែករយះពេល ១៤ មានចំនួន ១១១នាក់ ដោយបានវិលទៅកាន់ភូមិដ្ឋានទាំងពីរលើកក្នុងថ្ងៃនេះ ។

លោកស្រីបន្តថា ក្នុងនាមអាជ្ញាធរស្រុក បានធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការអត់ធ្មត់ តស៊ូ ក្នុងការអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ការណែនាំរបស់ក្រសួងសុខាភិបាល ដែលតែងតែបានគិតគូរជានិច្ចដល់សុខភាពរបស់បងប្អូនផ្ទាល់ ក្នុងការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃកន្លងមកនេះ ដោយបានយកចិត្តទុកដាក់ ធ្វើការពិនិត្យជាប្រចាំទៅលើសុខភាពបងប្អូនល្អប្រសើរធម្មតា នឹងបានវិលទៅជួបជុំបងប្អូនក្រុមគ្រួសារវិញ នៅតាមភូមិដ្ឋានរៀងៗខ្លួន ។ លោកស្រីក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់បងប្អូនទាំងអស់ គឺត្រូវបន្តទៅទៀតក្នុងការធ្វើអនាម័យឲ្យបានជាប្រចាំ ទៅតាមការណែនាំរបស់ក្រសួងសុខភិបាល ជៀសវាងការឆ្លងជម្ងឺកូវីដ១៩ ។

ម៉្យាងទៀត ការដាក់ឲ្យបងប្អូនដាច់នៅដោយឡែករយៈពេល១៤ថ្ងៃនេះ មិន មែនជាការរើសអើងចំពោះបងប្អូនឡើយ គឺជាវិធានការដ៏ល្អ របស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការពារកុំឲ្យមានការរីករាតត្បាតនៅក្នុងសហគមន៍ បើសិននៅក្នុងចំណោមបងប្អូន ដែលមានអ្នកណាម្នាក់បានឆ្លងជម្ងឺកូវិដ ១៩ ពីក្រៅប្រទេសនោះ នឹងធ្វើឲ្យក្នុងសហគមន៍មូលដ្ឋានខ្លួនទទួលរងគ្រោះជាក់ជាមិនខាន ។

លោកស្រីអភិបាលស្រុក ក៏បានធ្វើការរំលឹកដល់បងប្អូន ត្រូវតែបន្តការតាម ដាននូវសុខភាពរបស់ខ្លួនឲ្យបានជាប្រចាំ បើសិនមានបញ្ហាសុខភាព ត្រូវប្រញាប់ធ្វើការទំនាក់ទំនង ផ្តល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន ឬ ធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ១១៥ផងដែរ ។ លោកស្រីក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ នៅពេលមានបងប្អូននៅក្នុង មូលដ្ឋានខ្លួន ដែលបានវិលពីក្រៅប្រទេស ហើយមិនបានចូលមកធ្វើចត្តាឡីស័ក គឺត្រូវរាយការណ៍មកអនុគណៈកម្មការប្រយុទ្ធប្រឆាំងនិង ជម្ងឺឆ្លងកូវីដ១៩ស្រុក ដើមី្បនាំពួកគាត់មកធ្វើចត្តាឡីស័ក ដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃផងដែរ ៕







No comments:

Post a Comment

Pages