ខេត្តកំពង់ធំ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថា ការតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ សម្រាប់ក្រសួងពាណិជ្ជកម្ម ក្នុងការបំពេញបន្ថែមនូវក្បាលម៉ាស៊ីន ដើម្បីជួយពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងដឹកនាំអង្គភាព សំដៅបម្រើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងគោលនយោបាយអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។
ឯកឧត្តមការថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ហៀវ វណ្ណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំថ្មី ជំនួសលោក ស៊ុន ហេង ដែលបានចូលនិវត្តន៍ មានការអញ្ជើញចូលរួមពីឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ រួមជាមួយវិស័យឯកជន ជាច្រើននាក់។ ពិធីរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ។
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម បានកំពុងអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ជាផែនទីបង្ហាញផ្លូវដែលមានភាពស៊ីចង្វាក់គ្នា និងប្រទាក់ក្រឡាជាមួយយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោបាយជាតិមួយចំនួនទៀត។ ទន្ទឹមគ្នានេះ ក្រសួងក៏កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីបម្រើ និងធានាការពារអត្ថប្រយោជន៍វិស័យជន និងសាធារណជន ជាពិសេសធ្វើទំនើបកម្មឱ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដូចខាងក្រោម៖
ទី១-ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ថ្មីៗ។
ទី២-ត្រូវចិត្តទុកបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ។
ទី៣-បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាសេវាសាធារណៈក្រៅផ្លូវការពីផលិតករ អាជីវករ។
ទី៤-ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ស្នើសុំគ្រប់ស្ថាប័នទាំងអស់ ចូលរួមផ្សព្វផ្សាយ អំពីការការពារជំងឺនេះ ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យកាន់តែទូលំទូលាយ។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ធំ ដែលកន្លងមកបានខិតខំធ្វើការងាររតាមតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសរក្សាបាននូវ កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ដូច្នេះសូមលោកប្រធានមន្ទីរដែលទើបទទួលបានការតែងតាំងថ្មីនេះ នឹងខិតខំបន្តដឹកនាំមន្ទីរឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀតដើម្បីឲ្យដំណើរការនៅក្នុងអង្គភារបស់យើងបានរលូន និងខិតខំរស្វែងរកទីផ្សារថ្មីៗបន្ថែមជូនវិស័យឯកជន ពិសេសបងប្អូន ផលិតករ សហគ្រិន និងប្រជាកសិករ ក្នុងការនាំចេញទំនិញ និងផលិតផលជាដើម។
Saturday, May 30, 2020
Home
ព័ត៌មានជាតិ
លោក ហៀវ វណ្ណា ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ជំនួសលោក ស៊ុន ហេង ដែលបានចូលនិវត្តន៍
លោក ហៀវ វណ្ណា ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ជំនួសលោក ស៊ុន ហេង ដែលបានចូលនិវត្តន៍
Subscribe to:
Post Comments (Atom)
No comments:
Post a Comment