ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤២គ្រួសារ នៅស្រុកពួក និងស្រុកវ៉ារិន ខេត្តសៀមរាបទទួលអំណោយពីកាកបាទក្រហមកម្ពុជា - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Monday, May 25, 2020

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤២គ្រួសារ នៅស្រុកពួក និងស្រុកវ៉ារិន ខេត្តសៀមរាបទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០ នៅបរិវេណសាលាឃុំកែវពណ៌ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤២គ្រួសារ នៃស្រុកពួក និងស្រុកវ៉ារិន ក្នុងនោះមាន៖
១- ស្រុកពួក៖ ៣៧គ្រួសារ (ផ្ទះខូចខាតធ្ងន់)
២- ស្រុកវ៉ារិន៖ ៥គ្រួសារ (រលំទាំងស្រុង  ៣គ្រួសារ និងផ្ទះខូចខាតធ្ងន់ ២គ្រួសារ)

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ឯកឧត្តមក៏បានបានសំណូមពរដល់បងប្រជាពលរដ្ឋរងគ្រោះទាំងអស់ត្រូវយកចិត្តទុកដាក់តាមដានព័ត៌មានពីការប្រែប្រួលអាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយម និងត្រូវត្រៀមបង្ការចំពោះគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលអាចកើតឡើងជាយថាហេតុ ។ មួយវិញទៀត សូមមានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះការឆ្លងជំងឺកូវីដ-១៩ ត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវមានអនាម័យល្អ ទី១ លាងដៃឱ្យបានស្អាតជាប្រចាំ ទី២ ពាក់ម៉ាស (ក្នុងទីសាធារណៈ) ប្រេីកន្សែងឬក្រមា ឬក្រដាសជូតមាត់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងទី៣រក្សាគម្លាតសុវត្ថិភាព។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖
 - គ្រួសារផ្ទះដែលរលំ៖ មុង១ ភួយ១ សារុង១ ក្រមា១ តង់១ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល
- គ្រួសារផ្ទះខូចខាតធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ តង់១ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល ៕







No comments:

Post a Comment

Pages