សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមបិទអង្គសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិលទិសយោធភូមិភាគទី៤ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Thursday, January 28, 2021

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមបិទអង្គសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិលទិសយោធភូមិភាគទី៤

នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមពិធីបិទអង្គសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិលទិសយោធភូមិភាគទី៤ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។


សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងនាយទាហានជំនាញពាក់ព័ន្ធទាំងអស់ ព្រមទាំង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន បណ្ដាអង្គភាពសម្ព័ន្ធមេត្រីភាព និងជនរួមជាតិទាំងអស់ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំបំពេញការងារសម្ព័ន្ធមេត្រីភាព សម្រេចបានលទ្ធផលល្អប្រសើរ។ 


សម្តេចពិជ័យសេនា ក៏បានបញ្ជាក់ថា  ការងារសម្ព័ន្ធមេត្រីភាព បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ និងពង្រីកពង្រឹងសម្ព័ន្ធភាពនូវទំនុកចិត្ត និង ការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាស្ថាប័ន កងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន អង្គភាពស៊ីវិលដៃគូក្នុងសម្ព័ន្ធមេត្រីភាព ក៏ដូចជាសប្បុរសជននានា លើមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន" ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែង នៃការកសាងនិងពង្រឹងប្រៀបការពារជាតិ តាមរយៈការបំផុសចលនាឲ្យប្រជាជនគ្រប់រូបមានឆន្ទៈ ស្រឡាញ់ប្រទេសជាតិ និងបានបំពេញកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិ ។ 

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបន្តទៀតថា ការងារចងសម្ព័ន្ធមេត្រីភាពដែលយើងកំពុងប្រារព្ធធ្វើ សិក្ខាសាលាដកពិសោធន៍រយៈពេលមួយថ្ងៃពេញនេះគឺពិតជាមានសារៈសំខាន់ឆ្លើយតបទៅនឹងវិធានការយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងស្ថានភាពលំបាកចំពោះមុខ ដែលបង្កឡើងដោយវិបត្តិកូវិដ-១៩ និង គ្រោះមហន្តរាយធម្មជាតិកន្លងមក ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាការបង្កបង្កើនផល កសិកម្មរបស់ប្រជាពលរដ្ឋ ធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងសង្គម ។  


សម្តេចក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះ អង្គសិក្ខាសាលា ដកពិសោធន៍របស់យើង ដែលបានរួមចំណែកផ្តល់លទ្ធភាពឲ្យបណ្តាអង្គភាពកងយោធពលខេមរភូមិន្ទ ដែលចងសម្ព័ន្ធមេត្រីភាពកន្លងមក មានឱកាសក្នុងការកសាងអង្គភាព  លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ដើមី្បពង្រឹងសមត្ថភាពការពារជាតិកាន់តែរឹងមាំថែមទៀត ។ ក្នុងដំណាក់កាលនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ នាំមកនូវ សន្តិភាពនិងការឯកភាពជាតិពេញលេញ ចាប់ពីថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ព្រមទាំងសមិទ្ធផលនានាតភា្ជប់រហូតមកដល់បច្ចុប្បន្ននេះ គឺពិតជា មិនអាចកាត់ផ្តាច់បានពីការរួមចំណែកនៅក្នុងទំនាក់ទំនង រវាងយោធានិងស៊ីវិលនោះឡើយ ។ 


កត្តាទាំងនេះបានបង្ហាញពីស្មារតីសាមគ្គីភាពជាតិ ដូចដែលយើងបាននិងកំពុងធ្វើសម្ព័ន្ធមេត្រីភាពថ្ងៃនេះជាសក្ខីភាពស្រាប់ ។ សម្តេចពិជ័យសេនា ក៏បានធ្វើការក្រើនរំលឹក និង ផ្តាំផ្ញើផងដែរ ដល់មេបញ្ជាការគ្រប់កងឯកភាព នៃទិសយោធភូមិភាគទី៤ ត្រូវបន្តនូវប្រពៃណី ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ  ជាមួយបណ្តាក្រសួង អាជ្ញាធររាជធានី ខេត្ត  ស្ថាប័ន អង្គភាព ជាសម្ព័ន្ធមេត្រីភាពរបស់ខ្លួន និង បានលើកនូវអនុសាសន៍ល្អៗមួយចំនួន ដើមី្បជាប្រទីបក្នុងកិច្ចកសាងអង្គភាព  ព្រមទាំងបានអំពាវនាវដល់ស្ថាប័ន អង្គភាពស៊ីវិលរបស់រដ្ឋ ក៏ដូចជាក្រុមហ៊ុន សហគ្រាស អង្គការសមាគម វិស័យឯកជននិងសប្បុរសជននានា មេត្តាបន្តចូលរួមគាំទ្រ ស្មារតីនៃវប្បធម៌ចែករំលែក ក៏ដូចជាគោលនយោបាយនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ។ បន្តពង្រឹងនិងលើកកម្ពស់ប្រពៃណីល្អនៅក្នុងសម្ព័ន្ធមេត្រីភាព ព្រមទាំងបំផុសអប់រំលើកទឹកចិត្តចលនាមហាជន ប្រជាជន យុវជន ឲ្យចូលរួមជាកម្លាំងចលករនៅក្នុងបុព្វហេតុ”ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ” និង ”សន្តិភាពដើម្បីទាំងអស់គា្ន ទាំងអស់គ្នាដើម្បីសន្តិភាព” ។ 

ក្នុងនោះដែរសម្តេចពិជ័យសេនាក៏បានធ្វើការប្រគល់នូវប័ណ្ណថ្លែងអំណរគុណដល់ស្ថាប័ន អង្គភាពស៊ីវិលរបស់រដ្ឋ ក៏ដូចជាក្រុមហ៊ុន សហគ្រាស អង្គការសមាគម និង សប្បុរសជនផងដែរ  ៕






 

No comments:

Post a Comment

Pages