ខេត្តកំពង់ឆ្នាំង៖ នារសៀលព្រហស្បតិ៍ទី២៨ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញិការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្ត ព្រះធម្មបោលោ កែវ មុនី ព្រះធម្មធរគណខេត្ត ឯកឧត្តម ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចូលរួមផងដែរ។
ក្នុងពិធីនោះ មានបួងសួង ដង្ហែរប្រទក្សិណជុំវិញព្រះវិហារចំនួន៣ជុំ និងពិធីជាច្រើនទៀត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជាពិសេសសូមឱ្យសង្គមជាតិមានសុខសន្តិភាព ជាដ៏រាបរៀងទៅ។ សូមបញ្ជាក់ថាៈ ការប្រារព្ធពិធីបុណ្យមាឃបូជានេះ គឺតាមគន្លងពុទ្ធប្បវេណី និងរលឹកដល់ព្រឹត្តិការណ៍សំខាន់ៗបីយ៉ាង៖
ទី.១ រំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាតព្រះអរហន្ត១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបុណ្ណមីក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល ពុទ្ធសាវ័កដែលនិមន្តចូលរួមចតុរង្គសន្និបាតគ្មានការណាត់ជាមុនឡើយ។
ទី.២ រំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាអម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបុណ្ណមី ខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។
ទី.៣ រំលឹកដល់ព្រះសព្វញ្ញុតញ្ញាណសំដែងព្រះឱវាទបាតិមោក្ខ ដែលខ្លឹមសារក្នុងឱវាទមោក្ខបំព្រួញឱ្យខ្លីគឺ" សព្វបាបស្ស អករណំ កុលស្សូបសម្បទា សចិត្តបរិយោទស្សនំ មានន័យថាកិរិយាមិនធ្វើនូវអំពើបាបទាំងពួង កិរិយាបំពេញតែបុណ្យកុសល និងជម្រះចិត្តឱ្យស្អាតផូរផង់"។
ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យមាឃបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តលើទឹកដីកម្ពុជានិង ត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩កុំឱ្យកើតក្នុងគ្រួសារ និងសហគមន៍ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
No comments:
Post a Comment