ខេត្តកោះកុង៖ ថ្ងៃសុក្រទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ព្រមទាំងលោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត ប្រជាពុទ្ធបរិស័ទ សិស្សានុសិស្ស បានអញ្ជើញចូលរួមក្នុងមាឃបូជា ឆ្នាំ២០២១ នៅវត្តជោត្តញ្ញាណ។
យោងតាមឯកសារ ដែលមាននៅក្នុងព្រះរាជពិធីទ្វាទសមាស បានបញ្ជាក់ថា ប្រភពនៃបុណ្យ មាឃបូជា គឺបុណ្យមួយដែលសារៈសំខាន់ណាស់សម្រាប់វិស័យពុទ្ធសាសនាដោយមានអត្ថន័យ២យ៉ាងគឺ៖
ប្រភពទី១៖ បុណ្យមាឃបូជា គឺជាបុណ្យរំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត នៃព្រះអរហន្ត១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌រមីក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំ ដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល។
ប្រភពទី២៖ បុណ្យមាឃបូជា គឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មីខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវកហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។
សម្រាប់ពុទ្ធសាសនិកកម្ពុជាយើង ក៏បានប្រារព្ធធ្វើបុណ្យមាឃបូជាដូចប្រទេសកាន់ព្រះពុទ្ធដទៃទៀតដែរ ពោលគឺចាប់តាំងពីរជ្ជកាល ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស មករាជរដ្ឋាភិបាលបានកំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិហៅយ៉ាងខ្លីថា ថ្ងៃបុណ្យមាឃបូជា ជាថ្ងៃបុណ្យខាងព្រះពុទ្ធសាសនា៕
No comments:
Post a Comment