ខេត្តកំពង់ឆ្នាំង៖ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ឱ្យរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យឱ្យបានជាប់ជានិច្ច ដើម្បីជៀសវាងនូវការឆ្លងនូវជំងឺកូវីដ១៩ នៅគ្រប់ទីកន្លែង។ ឯកឧត្ដមបានអំពាវនាវបែបនេះនៅក្នុងពិធីបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សា គិរីសុវណ្ណវង្ស ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីអង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តម ឈួរ ច័ន្ទឌឿន បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ព្រមទាំងមានប្រសាសន៍បន្ថែមទៀតថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្រោមម្លប់សន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។
ឯកឧត្តមបន្តទៀតថា កន្លងមកអត្រាកំណើនសិស្សនៃការប្រឡងជាប់បាក់ឌុប និងសិស្សពូកែ ពីមួយឆ្នាំទៅមួយឆ្នាំគឺមានការកើនឡើង ហើយសង្ឃឹមថា ថ្នាក់ទី ១២ ឆ្នាំនេះនឹងមានសិស្សប្រឡងជាប់បានច្រើន នឹងទទួលបាននិទ្ទេសល្អថែមទៀត។ ដូច្នេះសូមក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម ហើយជាទំពាំងស្នងឬស្សីសំរាប់អនាគតប្រទេសជាតិយើង។
លើសពីនេះទៀត ឯកឧត្តម ក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ សូមខិតខំបន្តជួយផ្សព្វផ្សាយបន្ថែមទៀតអំពីការរស់នៅបែបកន្លងថ្មី ដើម្បីជៀសវាងឆ្លងនូវជំងឺកូវីដ១៩ ដោយរក្សាគម្លាតសុវត្ថិភាព ការរក្សាអនាម័យឱ្យបានជាប់ជានិច្ច រាល់ការធ្វើដំណើរ ត្រូវពាក់ម៉ាស នឹងមានទឹកអាកល់ឬជែលលាងដៃ យកតាមខ្លួនជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ហើយជំងឺកូវីដ១៩ នេះ មិនមែនកើតមានតែនៅប្រទេសកម្ពុជានោះទេគឺកើតមាននូវទូទាំងសាកលលោក៕
No comments:
Post a Comment