ខេត្តក្រចេះ៖ ព្រឹកថ្ងៃពុធទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តក្រចេះមានរៀបចំសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញាត្តិ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ ក្រោមអធិបតីភាពឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងឯកឧត្ដម ឌឹម ថេង អគ្គនាយរង នៃនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងអាជីវករជាម្ចាស់ស្ថានីយ៍ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងខេត្ត។
ឯកឧត្ដម ឌឹម ថេង អគ្គនាយរង បានបញ្ជាក់ពីគោលបំណងនៃអង្គសិក្ខាសាលាថ្ងៃនេះ ក្រោមការផ្ដួចផ្ដើមឡើងដោយសាខា ក ប ប ខេត្តក្រចេះ សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត ពិសេសអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់សមត្ដភាពយល់ដឹងអំពីច្បាប់និងបទប្បញ្ញាត្តិជូនដល់ អាជីវករជាម្ចាស់ស្ថានីយ៍ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងខេត្ត អាចប្រត្តិបតិ្តការអាជីវកម្មចែកចាយផលិតផលប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ ឬដេប៉ូជូនដល់អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទប្រកបដោយសុចរិត និងធានាបាននូវការជឿជាក់ពីអតិថិជន និងមិនឲ្យជះឥទ្ធិពលដល់ជីវភាព និងសុខមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។
ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានសម្ដែងនូវការអបអរសាទរចំពោះប្រធានបទនៃវគ្គផ្សព្វផ្សាយថ្ងៃនេះ គឺការយល់ដឹងអំពីខ្លឹមសារច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងបទប្បញ្ញាត្តិ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មលើកវិស័យប្រេងឥន្ទនៈ ដែលជាប្រធានបទមានសារៈសំខាន់ខ្លាំងក្នុងការជម្រុញ និងធានាឲ្យការប្រកួតប្រជែងអាជីវកម្មប្រកបដោយសមធម៌។
ទន្ទឹមនោះដែរឯកឧត្ដម អភិបាលខេត្ត មានសង្ឃឹមយ៉ាមុតមាំថា អង្គសិក្ខាសាលាថ្ងៃនេះពិតជានិងផ្ដល់នូវចំណេះដឹង បទពិសោធន៍ និងព័ត៌មានសំខាន់ៗចាំបាច់សម្រាប់ប្រយោជន៍សិក្ខាកាមទាំងអស់គ្នា ដូច្នេះសូមលោក លោកស្រីដែលបានចូលរួមទាំងអស់ ប្រឹងប្រែងត្រងត្រាប់ យកចិត្តទុកដាក់ស្ដាប់ ហើយត្រូវចូលរួមជាមត្តិ យោបល់ ឬចោទសួរដល់វាគ្មិនដែលជាគ្រូឧទ្ទេសជំនាញធ្វើយ៉ាណាជជែករកឬសគល់ ដើម្បីស្រាយបំភ្លឺចម្ងល់តាមការចាំបាច់។
ឯកឧត្ដម វ៉ា ថន ក៏បានមានប្រសាសន៍ជំរុញឲ្យអជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័ន្ន ពិសេសសាខា ក ប ប ដែលជាអតីតកាំកុងត្រូល ត្រូវធ្វើយ៉ាងណាខិតខំពង្រឹងការងាររបស់ខ្លួន ទប់ស្កាត់នឹងបង្ក្រាប់ឲ្យបានទាន់ពេលវេលាមិនឲ្យទំនិញមិនប្រកតីមានដាក់លក់នៅក្នុងទីផ្សាបាន ត្រូវបង្កើនសកម្មភាពចុះអប់រំផ្សព្វផ្សាយតាមទីផ្សារជាពិសេសចុះត្រួតពិនិត្យ ការដាក់លក់ប្រេងឥន្ទនៈនៅតាមស្ថានីយ៍ និងដេប៉ូចែកចាយ ព្រមទាំងដាក់ចេញនូវវិធានការយ៉ាងម៉ឺងមាត់ចំពោះអំពើល្មើសនានា សំដៅការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ពីការខាតបង់ផ្នែកសេដ្ឋកិច្ច និងផលប៉ះពាល់ដល់សុខមាលភាព។
មួយវិញទៀតអាជ្ញាធឬមានសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់ពិសេសប្រឹងប្រែងទាំងអស់គ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាប់ឲ្យបានទាន់ពេលវេលាចំពោះសកម្មភាពល្មើសទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកប្រើប្រាស់ទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
No comments:
Post a Comment