ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោងប្រហែល ០៦:៣០នាទីព្រឹក មានករណីក្រឡាប់រថយន្តដឹកកម្មករ មកពីការបើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យកម្មកររបួសធ្ងន់ស្រាល សរុបចំនួន៥៨នាក់ ធ្ងន់៧នាក់ មធ្យម៣នាក់ ស្រាល៤៨នាក់ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រោយទទួលបាននូវព័ត៌មានខាងនេះភ្លាម ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់កម្លាំងចុះអន្តរាគមន៍ដឹកអ្នករបួសមកសង្គ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យ និងបានអញ្ជើញដឹកនាំក្រុមការងារសាខាចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនជូនដល់កម្មករកម្មការនីដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំនួន៦នាក់ មន្ទីរពេទ្យបង្អែកស្វាយទាប ចំនួន៥នាក់ មន្ទីរពេទ្យបង្អែក ជីភូចំនួន៣៦នាក់ និងនៅក្លីនិចបូពារ៍ក្រុងបាវិតចំនួន១១នាក់ ។
នៅក្នុងឱកាសនោះឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវបណ្តាំផ្ញើរសាសសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសំដែងនូវការសោកស្តាយចំពោះហេតុការដែលបានកើតឡើងលើបងប្អូនកម្មករកម្មការិនី និងសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយនឹងបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិតដល់ក្រុមគ្រួសាររបស់ខ្លួនបន្តទៀត ។
ឯកឧត្តម ក៏បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នកជំងឺទាំងអស់ដោយមិនរើសអើងឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៍បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៍ដូចជាកាកបាទក្រហមកម្ពុជា តែងតែដោះស្រាយ ឆ្លើយតបគ្រោះមហន្តរាយជាបន្តបន្ទាប់ទាន់ពេលវេលា នៅពេលដែលអ្នករងគ្រោះត្រូវការបន្ទាន់នូវជំនួយសង្គ្រោះ ។
ក្នុងឱកាសសួរសុខទុក្ខនោះ ឯកឧត្តម ម៉ែន វិបុល បានឧបត្ថម្ភថវិកាដល់អ្នករបួសធ្ងន់ចំនួន ៧ នាក់ ក្នុងម្នាក់ថវិកា ៤០០,០០០ រៀល,អ្នករបួសមធ្យម ៣ នាក់ ក្នុងម្នាក់ថវិកា ១៥០,០០០រៀល, និងអ្នករបួសស្រាល ៤៨ នាក់ ក្នុងម្នាក់ ថវិកា ១០០,០០០ រៀល ។
No comments:
Post a Comment