រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍៤ចំណុចសំខាន់ៗ ជំរុញដល់វិស័យពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, May 22, 2020

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍៤ចំណុចសំខាន់ៗ ជំរុញដល់វិស័យពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក និងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលក្រសួងបាននឹងកំពុងដុតដៃដុតជើងធ្វើយ៉ាងសកម្ម ដែលមានជាអាទិ៍ ក្រសួងបាននឹងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់វិស័យពាណិជ្ជកម្ម ក្នុងនោះច្បាប់ចំនួន២ គឺច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ ក្រៅពីនេះលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ក៏កំពុងតែរៀបចំតាក់តែងផងដែរ រួមមាន៖ ច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។ ក្រសួង ក៏កំពុងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយចំនួនទៀត ដើម្បីធ្វើទំនើបកម្មឲ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ណែនាំនូវចំណុចមួយចំនួន ដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម ដូចខាងក្រោម៖
ទី១- ស្នើឱ្យមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម បន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្រ្តីរាជការនៅក្រសួងពាណិជ្ជកម្ម។

ទី២- ស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ។

ទី៣-បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីផលិតករ អាជីវករ ដែលផ្ទុយពីខ្លឹមសារ ប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី៤-ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ស្នើសុំគ្រប់ស្ថាប័នទាំងអស់ ចូលរួមផ្សព្វផ្សាយ អំពីការការពារជំងឺនេះ ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យកាន់តែទូលំទូលាយ ធ្វើយ៉ាងណាឱ្យប្រទេសយើងឆ្លងផុតពីរលកជំងឺនេះ ជាលើកទី២ ទៀត៕





No comments:

Post a Comment

Pages