ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូក្រសួងផែនការ ដឹកនាំដោយឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ ចូលជួបពិភាក្សាលើការងារកំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋគ្រួសារក្រ១ និងក្រ២ នៅសាលាខេត្តសៀមរាប ។
ឯកឧត្តម ថេង បញ្ញាធន បានបញ្ជាក់អំពីគោលបំណងរបស់ក្រសួងផែនការ គឺដើម្បីធ្វើការផ្សព្វផ្សាយដល់ឲ្យអាជ្ញាធរក្រុង ស្រុក មេឃុំ សង្កាត់ និង អ្នកពាក់ព័ន្ធបានយល់ដឹងកាន់តែច្បាស់អំពីដំណើរការ និង នីតិវិធីនៃការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត តាមការស្នើសុំ ក្នុងអំឡុងពេលប្រឆាំងនឹងជម្ងឺកូវីដ១៩ និងឲ្យចេះប្រើប្រាស់ឧបករណ៍ថាប្លេត ដើម្បីសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ដែលបានដាក់ពាក្សស្នើសុំប័ណ្ណសមធម៌ សម្រាប់ទទួលសេវាសង្គមដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល ។
ឯកឧត្តមបានបន្តទៀត ការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺត្រូវពិនិត្យមើលទៅលើគ្រួសារក្រីក្រនៅមូលដ្ឋានឲ្យបានគ្រប់ជ្រុងជ្រោយ និង អនុវត្តតាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងត្រូវបន្ដខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា សំខាន់បន្តឲ្យប្រជាពលរដ្ឋមានអនាម័យល្អ ដើម្បីប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ ។
ក្នុងនោះដែរឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានលើកសំណូមពរមួយចំនួនដល់ឯកឧត្តមអភិបាលខេត្ត ក្នុងការជម្រុញកិច្ចសហការលើការអនុវត្តធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត ឲ្យដំណើរការទៅដោយរលូន និង ទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ។ ក្នុងនោះឯកឧត្តម ក៏បានបញ្ជាក់ឲ្យយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្រីក្រនៅតាមតំបន់ជនបទ ក្នុងការធ្វើសម្រងស្ថិតិគ្រួសារក្រ១ និង ក្រ២ ឲ្យបានមុនដំណាច់ខែ ឧសភានេះ ចំពោះប្រជាពលរដ្ឋក្នុងក្រុង ឲ្យបាននៅដំណាច់ខែ មិថុនា ឆ្នាំ២០២០ខាងមុខផងដែរ ។
ឯកឧត្តម ទៀ សីហា ក៏បានឯកភាពទៅលើគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ ចំពោះជីវភាពប្រជាពលរដ្ឋក្រីក្រ សំខាន់ក្នុងឱកាសដែលប្រទេសកំពុងជួបវិបត្តិកូវិដ១៩ ។
ឯកឧត្តម ក៏បានលើកផងដែរថា ឆ្លងតាមកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការពិភាក្សាទៅ លើការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ប្រភេទ(ក្រ១ ,ក្រ២) និង គ្រួសារដែលទទួលរងផលប៉ះពាល់បណ្តាលមកពីវិបត្តិជំងឺកូវីដ១៩ដែលជំងឺនេះរីករាលដាលជាសកលផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការគាំទ្រ អំពីនីតិវិធីនៃការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលក្រសួងផែនការបានលើកឡើង ដោយខេត្តមានមន្ទីរផែនការ ជាសេនាធិការរបស់ខេត្តទៀតផង។ ម៉្យាងទៀតឯកឧត្តមក៏បានគូសបញ្ជាក់ថា ការចុះធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ យើងក៏ត្រូវធ្វើការពិនិត្យឲ្យបាន ចំគោលដៅមុខសញ្ញា ដើមី្បជៀសវាងនូវប្រតិកម្មពីប្រជាពលរដ្ឋ ផងដែរ ។
ឯកឧត្តមក៏បានលើកឡើងទៀតថា ប្រជាពលរដ្ឋដែលបានឆ្លងផុតប្រភេទ( ក្រ១,ក្រ២) នាពេលកន្លងមក ក្នុងពេលដែលមានវិបត្តិកូវិដ ១៩ គ្រួសារទាំងនោះក៏បានធ្លាក់ចូលប្រភេទ( ក្រ១,ក្រ២)សាជាថ្មី ព្រមទាំងគ្រួសារដែលទទួលរងផលប៉ះពាល់បណ្តាលមកពីវិបត្តិជំងឺកូវីដ១៩ ដែលធ្វើឲ្យអាជ្ញាធរមូលដ្ឋានមានការ ព្រួយបារម្ភ ដើម្បីសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ដែលបានដាក់ពាក្សស្នើសុំប័ណ្ណសមធម៌ សម្រាប់ទទួលសេវាសង្គមដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល ៕
Wednesday, May 20, 2020
Home
ព័ត៌មានជាតិ
ជំនួបពិភាក្សាកំណត់អត្តសញ្ញាណប្រជាពលរដ្ឋគ្រួសារក្រ១ និងក្រ២ រវាងអភិបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានផែនការ
ជំនួបពិភាក្សាកំណត់អត្តសញ្ញាណប្រជាពលរដ្ឋគ្រួសារក្រ១ និងក្រ២ រវាងអភិបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានផែនការ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment