(ពោធិ៍សាត់)៖ មិនយូរទេ! សមិទ្ធផលថ្មី «សួនពោធិ៍សាត់» ដែលជាអតីតសួនច្បារ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមមួយចំនួនទៀត មានទីតាំងជាប់ស្ពានថ្ម ឆ្លងស្ទឹងពោធិ៍សាត់ ប្រសព្វផ្លូវលេខ១០១ និងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នឹងត្រូវលេចចេញរូបរៀងឡើង ដើម្បីលើកកំពស់សោភ័ណភាព ក្រុងពោធិ៍សាត់។
បើតាម លោក ឃុត ឧសភា នាយករដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ទន្ទឹមនឹង «សួនពោធិ៍សាត់» ដែលត្រូវបាននឹងកំពុងស្ថាបនានោះ ស្ពានអាកាសថ្មើរជើងថ្មី ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារមន្ទីរខេត្តពោធិ៍សាត់ ក៏នឹងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ពីលើសមិទ្ធផលដែលបានធ្វើរួច មានដូចជាសួនច្បារផ្លូវលេខ១០១ ទល់មុខសាលាខេត្ត អគាររដ្ឋបាលសាលាខេត្ត ភ្លើងស្តុប ផ្លូវក្រាលកៅស៊ូ ប៉េតុង ភ្លើងបំភ្លឺផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ដំបូលផ្សារថ្មី ទំនប់បង្ហៀរក្បាលហុង ។ល។
លោកនាយករដ្ឋបាលបន្ថែមថា សួនច្បារនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់ ក្នុងការទាក់ទាញនូវភ្ញៀវជាតិ អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋ បានហាត់ប្រាណផងដែរ។ ទាំងនេះយើងធ្វើបាន គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរបញ្ជាក់ថា សួនច្បារ១៤មករា ពីមុនត្រូវបានស្ថាបនាឡើងក្នុងអំឡុងអាណត្តិដឹកនាំ របស់ឯកឧត្តម អ៊ុង សាមី អតីតអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ហើយត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង, ដោយបច្ចុប្បន្នសួនច្បារនេះ មានសភាពចាស់ទ្រុឌទ្រោម និងស្មៅដុះទ្រុពនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បច្ចុប្បន្ន បានស្ថាបនាឡើងវិញ ដោយបែងចែកជាទីធ្លាការ៉ូឡា សួនច្បារ បង្គោលភ្លើង និងបង់អង្គុយ សម្រាប់ប្រជាពលរដ្ឋលំហែកំសាន្ត និងហាត់ប្រាណផងដែរ៕
No comments:
Post a Comment